Tuesday, November 27, 2012

ព្រះធម៏

ព្រះត្រៃបិដក

១ វិន័យបិដក ២ សុត្តន្តបិដក ៣ អភិធម្មបិដក

ន័យទី ១ វិន័យបិដក ជាអាណាទេសនា គឺកាសម្ដែងធម៌ក្នុងលក្ខណៈ ភាគច្រើនជាការបង្គាប់ ។

សុត្តន្តបិដក ជាវោហារទេសនា គឺជាសម្ដែងធម៌ដោយសំនួនវោហារឲ្យសម ទៅនឹងចរិត អធ្យាស្រ័យ របស់អ្នកស្ដាប់ ។

អភិធម្មបិដក ជាបរមត្ថទេសនា គឺជាការសម្ដែងធម៌ ដែលប៉ុនប៉ងចំពោះ តែប្រយោជន៍ដ៏ខ្ពង់ ខ្ពស់ តែប៉ុណ្ណោះ ។

ន័យទី ២ វិន័យបិដក ជាយថាបរាធសាសនា គឺការប្រៀនប្រដៅទៅតាមកំហុស ឬ ទោសផ្សេងៗ ដែលគប្បីវៀរចាក ។

សុត្តន្តបិដក ជាយថានុលោមសាសនា គឺប្រៀនប្រដៅ ដោយអនុលោមតាមចរិត និង អធ្យា ស្រ័យ របស់អ្នកស្ដាប់ផ្សេងៗ ។

អភិធម្មបិដក ជាយថាធម្មសាសនា គឺការប្រៀនប្រដៅតាមសេចក្ដីនៃធម៌សុទ្ធៗ ។

ន័យទី ៣ វិន័យបិដក ជាសំវរាសំវរកថា គឺជាវាចាដែលពោលដោយការសង្រួម និង មិនសង្រួម ។

សុត្តន្តបិដក ជាទិដ្ឋិវិនិវេដ្ឋានកថាគឺកថាដែលពោលឲ្យបន្ធូបន្ថយនូវទិដ្ឋិគឺការយល់ឃើញខុស។

អភិធម្មបិដក ជានាមរូបបរិច្ឆេទកថា គឺកថាដែលប្រៀនប្រដៅកំណត់នូវនាមរូប គឺរាងកាយ និងចិត្ត ។

ន័យទី ៤ វិន័យបិដក ជាអធិសីលសិក្ខា គឺបទសិក្សាដែលជាប់ពាក់ព័ន្ធនឹងសីលជាន់ខ្ពស់ ។

សុត្តន្តបិដក ជាចិត្តសិក្ខា គឺបទសិក្សាដែលទាក់ទង់ដែលសមាធិជាន់ខ្ពស់ ។

អភិធម្មបិដក ជាអធិបញ្ញាសិក្ខា គឺបទសិក្សាដែលទាក់ទងនឹងសមាធិជាន់ខ្ពស់ ។

ន័យទី ៥ វិន័យបិដក ជាវិតិក្កមបហានៈ គឺការលះបង់នូវកិលេសដែលគ្រោតគ្រាត ដែលជាហេតុឲ្យ ប្រព្រឹត្តល្មើសនឹងសីល ។

សុត្តន្តបិដក ជាបរិយុដ្ឋានបហានៈ គឺការលះបង់នូវកិលេសមធ្យមដែល រួតរឹតចិត្ត បានដល់ នីវរណធម៌ដែលជាកិលេសបិទចិត្តមិនឲ្យមានសមាធិ ។

អភិធម្មបិដក ជាអនុសយបហានៈ គឺការលះបង់នូវកិលេសយ៉ាងល្អិត គឺកិលេសដែលដេកត្រាំ ក្នុងសន្ដានដូចធូលីដែលធ្លាក់នៅក្នុងបាតក្អម បើមិនមានអ្វីរុកគួនទេ ក៏នឹងមិន កម្រើកឡើយ ។

១.វិន័យបិដក

វិន័យបិដក គឺជាគម្ពីរដែលប្រមូលនូវវិន័យ(ច្បាប់) សិក្ខាបទសម្រាប់បព្វជិត និង គ្រហស្ថ ចែកចេញ ជា ៥ គម្ពីរ បោះពុម្ពផ្សាយជាសៀវភៅចំនួន ១៣ ក្បាល ឬ ៥,៤៣៥ ទំព័រ ។

១.មហាវិភង្គ ឬ ភិក្ខុវិភង្គ និយាយពីសិក្ខាបទ ២២៧ ក្នុងបាដិមោក្ខ ផ្នែកខាងភិក្ខុសង្ឃ(ភ ១ ៥) ។

២.ភិក្ខុនីវិភង្គ និយាយពីសិក្ខាបទ ៣១១ ក្នុងបាដិមោក្ខ ផ្នែកភិក្ខុនីសង្ឃ (ភ ៥) ។

៣.មហាវគ្គ និយាយពីពុទ្ធបវត្តិដំបូងៗ សិក្ខាបទក្រៅបាដិមោក្ខ និង ពិធីកម្មខាង ព្រះវិន័យ ។

មហាវគ្គនេះ ចែកចេញជាខន្ធ (ក្រុម) ចំនួន ១០ ខន្ធកៈ(ភ៦ ៨) ។

៣.១ មហាខន្ធៈ ក្រុមធំ ។

៣.២ ឧបោសថខន្ធៈ ក្រុមឧបោសថ ។

៣.៣ វស្សូបនាយិកាខន្ធៈ ថ្ងៃចូលវស្សា ។

៣.៤ បវារណាខន្ធកៈ ក្រុមបវារណា ។

៣.៥ ចម្មខន្ធកៈ ក្រុមស្បែក ។

៣.៦ ភេសជ្ជខន្ធកៈ ក្រុមភេសជ្ជៈ ។

៣.៧ កថិនខន្ធកៈ ក្រុមកថិន ។

៣.៨ ចីវរខន្ធកៈ ក្រុម ។

៣.៩ ចម្បេយ្យខន្ធកៈ ក្រុមហេតុការណ៍នៅរដ្ឋចំប៉ា ។

៣.១០ កោសម្ពីខន្ធកៈ ក្រុមហេតុការណ៍នៅរដ្ឋកោសម្ពី ។

៤.ចុល្លវគ្គ និយាយពីពិធីកម្មខាងព្រះវិន័យ ប្រវត្តិកំណើតនាងភិក្ខុនី និង ប្រវត្តិកាធ្វើ សង្គាយនា ។

ចុល្លវគ្គនេះ ចែកចេញជា ១២ ខន្ធកៈ (ភ ៩ ១១ ) ។

៤.១ កម្មខន្ធកៈ ក្រុមសង្ឃកម្ម ។

៤.២ បរិវាសិកខន្ធកៈ ក្រុមអ្នកនៅបរិវាស ។

៤.៣ សមុច្ចយា ក្រុមការរួបរួម ។

៤.៤ សមថៈ ក្រុមវិធីរម្ងាប់អធិករណ៍ ។

៤.៥ ខុទ្ទកវត្ថុ ក្រុមរឿងតូចតាច ។

៤.៦ សេនាសនៈ ក្រុមកន្លែងស្នាក់នៅ ។

៤.៧ សង្ឃភេទៈ ក្រុមសង្ឃបែកគ្នា ។

៤.៨ វត្តខន្ធកៈ ក្រុមវត្ត ឬ បដិបត្តិ ។

៤.៩ បាដិមោក្ខដ្ឋបនខន្ធកៈ ក្រុមការឈប់សូត្របាដិមោក្ខ ។

៤.១០ ភិក្ខុនីខន្ធកៈ ក្រុមនាងភិក្ខុនី ។

៤.១១ បញ្ចសតិខន្ធកៈ និយាយពីព្រះអរហន្ត ៥០០ រូប ដែលធ្វើសង្គាយនាលើកទី ១ ។

៤.១២ សត្តសតិក្ខន្ធកៈ និយាយពីព្រះអរហន្ត ៧០០ រូប ដែលធ្វើសង្គាយនាលើកទី ២ ។

៥.បរិវារៈ និយាយពីវត្តប្រតិបត្តិកំប៉ិកកំប៉ុក ការសួរ ឆ្លើយ ដើម្បីផ្ទៀងផ្ទាត់ការ ចេះដឹងខាង ព្រះវិន័យដែលនិយាយរួចហើយក្នុងភិក្ខុវិភង្គ និង ភិក្ខុនីវិភង្គ មហាវគ្គ និង ចុល្លវគ្គ ។ គម្ពីរបរិវារ ចែកចេញ ជាចំណុចសំខាន់ៗ ចំនួន ២១ ចំណុច (វារៈ) (ភ ១២ ១៣) ។

៥.១ មហាវិភង្គសោឡសសមហាវារៈ និយាយជាថ្មីម្ដងទៀត ពីសិក្ខាបទ ២២៧ របស់ភិក្ខុ ដែលមានហើយក្នុងមហាវិភង្គ ។

៥.២ ភិក្ខុនីវិភង្គសោឡសមហាវារៈ និយាយជាថ្មីម្ដងទៀត ពីសិក្ខាបទ ៣១១ របស់ភិក្ខុនី ដែលមានក្នុងមហាវិភង្គ ។

៥.៣ សមុដ្ឋនសីលសង្ខេបៈ ជាការរួបរួមសិក្ខាបទទាំងអស់មកនិយាយម្ដងទៀត ពីរឿង សមុដ្ឋាន គឺកាយ វាចា ចិត្ត ដោយចាត់ជាក្រុម ពួក ថាពួកណាកើត ពីសមុដ្ឋានណា ។

៥.៤ កតិបុច្ឆាវារៈ ជាការតាំងសំណរថាតើ រឿងនោះៗមានប៉ុន្មាន ដូចជាថា តើអាបត្តិ មានប៉ុន្មានជាដើម ។

៥.៥ វិសតិវារៈ ជាការតាំងសំណួរ ហើយឆ្លើយរឿងដែលទាក់ទងនឹងអាបត្តិសមុដ្ឋាន អាបត្តិអធិករណ៍ វិធីសម្ងាប់អធិករណ៍ រួមជា ៣០ ចំណុច ។

៥.៦ ខន្ធកបុច្ឆាវារៈ ការសួររឿងដែលទាក់ទងនឹងខន្ធកៈទាំង ២២ ដែលមាននៅ ក្នុងមហា វគ្គ និងចុល្លវគ្គថាតើខន្ធនីមួយៗ និយាយពីអាបត្តិប៉ុន្មានប្រភេទ ។

៥.៧ ឯកុត្តរិកវារៈ ជាការបញ្ជាក់ពីរឿងព្រះវិន័យដោយតួលេខ ថាតើ ពួក១ មានអ្វីខ្លះ ពួក ២ មានអ្វីខ្លះ រហូតដល់ពួក ១១ ដូចជា ឧបោសថមាន ២ គឺ ១៤ រោច និង ១៥ រោច ជាដើម ។

៥.៨ ឧបោសថាទិបុច្ឆាវិសជ្ជនាវារៈ ជាការសួរឆ្លើយរឿងឧបោសថ ។

៥.៩ អត្ថវសេបករណវារៈ និយាយពីការដែលព្រះមានព្រះភាគទ្រង់សម្ដែង ពីវត្ថុបំណងក្នុង ការបញ្ញត្តិ ១០ ប្រការ ។

៥.១០ គាថាសង្គណិកវារៈ ប្រជុំគាថា ឬ ពាក្យឆន្ទ សម្ដែងពីពាក្យសួរ ឆ្លើយ របស់ សង្គីតិ ការចារ្យ ដែលសង្គាយនារឿងវិន័យ ។

៥.១១ អធិករណភេទវារៈ ពោលពីប្រភេទនៃអធិករណ៍ ។

៥.១២ អបរគាថាសង្គណិកវារៈ ជំនុំគាថាទាក់ទង់នឹងការប្ដឹងចោទ ការសួរ ឲ្យរលឹក ជាដើម រួមទាំងលក្ខណៈដែលនឹងរាប់ថាអាលជ្ជី ។

៥.១៣ ចោទនាកណ្ឌវារៈ ពោលពីរបៀបចោទប្ដឹង ថាគួរនឹងធ្វើយ៉ាងណា ។

៥.១៤ ចូឡសង្គាមវារៈ ពោលពីរបៀបបដិបត្តិរបស់ភិក្ខុជាប់ចោទ ថាតើគួរធ្វើយ៉ាងណា រួមទាំងរបៀបប្ដឹង របៀបវិនិច្ឆ័យ ។

៥.១៥ មហាសង្គាមវារៈ ដូចចំណុច ៥.១៤ ដែរ គ្រាន់តែពិស្ដារជាង ។

៥.១៦ កថិនភេទវារៈ ពោលពីប្រភេទកថិន និង របៀបផ្សេងៗនៃកថិនកិច្ច ។

៥.១៧ ឧបាលិបញ្ចកវារៈ ពោលពីសំណួរក្រាបទួលរបស់ព្រះឧវាលិ និង ចម្លើយ របស់ព្រះ សម្មាសម្ពុទ្ធចំនួន ១៤ វគ្គ ។

៥.១៨ សមុដ្ឋានវារៈ ពោលពីសមុដ្ឋាននៃអាបត្តិ និង ការចេញចាកអាបត្តិ ។

៥.១៩ ទុតិយគាថាសង្គណិកវារៈជនុំគាថាទី២ឬសេចក្ដីពិស្ដាររបស់ចំណុច ៥.១០និង៥.១២។

៥.២០ សេទមោចនគាថាវារៈ គាថាបែកញើស ជាពាក្យនិពន្ធ សួរបញ្ហាដែល លំបាកៗតែមិន មាន (មានតែនៅក្នុងអត្ថកថា) ចំនួន ៤៣ សំណួរ ។

៥.២១ បញ្ចវារៈ ពោលពីរឿងផ្សេងៗចំនួន ៥ ចំណុច ៕

២.សុត្តន្តបិដក

ជាគម្ពីរដែលប្រមូលផ្ដុំ កត់ត្រានូវព្រះធម្មទេសនា ការអធិប្បាយធម៌ និង រឿងរ៉ាវផ្សេងៗ ដែលទាក់ ទងទៅនឹង បុគ្គល ឬ ឱកាសនានា ។ សុត្តន្តបិដក ឬ ព្រះសូត្រ ចែកចេញជា ៥ និកាយ (ប្រជុំ ជុំនុំ ពួក ក្រុម) បោះពុម្ពជាសៀវភៅ ចំនួន ៦៤ ក្បាល ឬ ២០,៦៧៩ ទំព័រ ។

១.ទីឃនិកាយ ពួកសូត្រដែលមានខ្នាតវែងមានចំនួន ៣៤ សូត្រ ចែកចេញជា ៣ វគ្គ ៖

១.១ សីលខន្ធវគ្គៈ សូត្ររបស់វគ្គនេះនិយាយពីរឿងសីល មានចនួន ១៣ សូត្រ (ភ១៤‍ - ១៥)។

១.២ មហាវគ្គៈ វគ្គនេះមានចំនួន ១០ សូត្រ ដោយហេតុថាសូត្រដំបូងមានឈ្មោះថា មហាអបទាន សូត្រ ទើបវគ្គនេះឈ្មោះមហាវគ្គ (ភ ១៦ ១៧) ។

១.៣ បាដិកវគ្គៈ សូត្រដំបូងក្នុងវគ្គនេះ ឈ្មោះថាបាដិកសូត្រ ទើបវគ្គនេះឈ្មោះថា បាដិកវគ្គមាន ចំនួន ១១ សូត្រ (ភ ១៨ -១៩) ។

២.មជ្ឈិមនិកាយ ប្រជុំសូត្រដែលមានខ្នាតវែងជាមធ្យមមានចំនួន ១៥២ សូត្រ ចែកចេញជា ៣ បណ្ណសកៈ ។ បណ្ណាសកៈ ប្រែថាក្រុម ៥០ ព្រោះក្នុងមួយបណ្ណាសកៈមានសូត្រចំនួន ៥០ លើកលែង តែបណ្ណាសកៈទី ៣ មាន ចំនួន ៥២ ។

២.១ មូលបណ្ណាសកៈ ក្រុមសូត្រចំនួន ៥០ ឧបមានបីដូចជាឫសរុក្ខជាតិ (ភ ២០ ២២) ។

២.២ មជ្ឈិមបណ្ណាសកៈ ក្រុមសូត្រចំនួន ៥០ ឧបមាបីដូចជាដើមរុក្ខជាតិ (ភ ២៣ ២៥) ។

២.៣ ឧបរិបណ្ណាសកៈ ក្រុមសូត្រចំនួន ៥២ ឧបមាបីដូចជាចុងរុក្ខជាតិ (ភ ២៦ ២៨) ។ ក្នុង បណ្ណាសកៈនីមួយៗលោកបែងចែកទៅជាវគ្គទៀត ដោយមួយវគ្គមានចំនួន ១០ ដើម្បីឲ្យងាយចាំ ។

៣.សំយុត្តនិកាយ ជាគម្ពីរដែលប្រមូលនូវធម៌ ឬ រឿងរ៉ាវជាពួកៗ ហៅថាសំយុត្ត៖

ឧទាហរណ៍ ដូចជារឿងព្រះកស្សប ក៏ហៅថាកស្សបសូយុត្ត រឿងរ៉ាវដែលមាននៅក្នុង រដ្ឋកោសល

ក៏ហៅថាកោសលសុយុត្ត ។ គម្ពីរសំយុត្តនិកាយ មានទាំងអស់ចំនួន ៧,៧៦២ ឬ ៥៦ សំយុត្ត ។

សំយុត្តនេះចែកចេញ៥ វគ្គ ៖

៣.១ សគាថវគ្គៈ មាន ១១ សំយុត្ត និង ជាសូត្រដែលមានលក្ខណៈជាគាថា ឬ ជាបទកវី (ភ ២៩ ៣១)។

៣.២ និទានវគ្គៈ មាន ១០ សំយុត្ត អធិប្បាយពីធម្មៈដែលជាហេតុបច្ច័យនៃការ កើត ស្លាប់ដែលហៅ បដិច្ចសមុប្បាទ (ភ ៣១ ៣២) ។

៣.៣ ខន្ធវគ្គៈ មាន ១៣ សំយុត្តនិយាយអំពីវារៈរបស់ខន្ធ គឺកងរូប និង នាម (ភ ៣៣ ៣៤) ។

៣.៤ សឡាយតនវគ្គៈ មាន ១០ សំយុត្ត និយាយពីរឿងអាយតនៈទាំង ៦ (ភ ៣៥ ៣៦) ។

៣.៥ មហាវគ្គៈ មាន ១២ សំយុត្តនិយាយពីធម៌សំខាន់ៗដូចជា មគ្គៈ ពោជ្ឈង្គៈ ឥន្ទ្រី ជាដើម(ភ ៣៧ ៣៩)។

៤.អង្គុត្តរនិកាយ គម្ពីរដែលមានព្រះសូត្រចាត់ជាពួកៗហៅថា និបាត តាមលំដាប់ចំនួនដូចជា ធម្មៈពួក ១ ធម្មៈពួក ២ ពួក ៣ជាដើមដោយក្នុងពួកនីមួយៗមានចំនួនគោលធម៌ ១ ឬ ២ ឬ ៣ ទៅតាមឈ្មោះពួក ។

គម្ពីរនេះមានទាំងអស់ចំនួន ១១ និបាត គឺពីនិបាត ទី ១ (ឯកនិបាត) ដល់និបាត ទី ១១ (ឯកាទសនិបាត) រួមទាំងអស់ ៩,៥៥៧ សូត្រ (ភ ៤០ ៥១) ។

៥.ខុទ្ទកនិកាយ ជាគម្ពីរប្រជុំនូវសូត្រ ធម៌ ពាក្យអធិប្បាយ និង រឿងរ៉ាវតូចតាច កំប៉ិកកំប៉ុក ដែលរួមទាំងភាសិតរបស់សាវកប្រវត្តិផ្សេងៗនិង ជាតកជាដើម ។ ខុទ្ទនិកាយ មាន ១៥ គម្ពីរ ៖

៥.១ ខុទ្ទកបាឋ និយាយពីសូត្រតូចៗ (ភ ៥២) ។

៥.២ ធម្មបទ ពោលពីសុភាសិតខ្លីៗប្រមាណ ៤២៣ គាថា (ភ ៥៣) ។

៥.៣ ឧទាន និយាយពីការឧទានបន្លឺវាចារបស់ព្រះពុទ្ធ ដែលទ្រង់ឧទានឡើង ដើម្បីប្រារព្ភ នូវហេតុ នោះៗចំនួន៨០ ឧទាន (ភ ៥៤) ។

៥.៤ ឥតិវុត្តក និយាយពីពាក្យសម្ដីដែលអះអាងថា ជាភាសិតរបស់ព្រះសាស្ដា ដែលបានសម្ដែង ចំនួន ១១២ សូត្រ (ភ ៥៣) ។

៥.៥ សុត្តនិបាត ប្រជុំព្រះសូត្រខ្នាតខ្លី ឬ ជាគាថាសុទ្ធផ្សេងៗ ចំនួន៧១សូត្រ(ភ ៥៤)។

៥.៦ វិមានវត្ថុ និយាយពីរឿងវិមានរបស់ពួកអ្នកកើតជាទេវតាចំនួន៨៥រឿង (ភ៥៥)។

៥.៧ បេតវត្ថុ និយាយពីអ្នកដែលស្លាប់ទៅកើតជាប្រេត ចំនួន ៨៥ រឿង (ភ ៥៦) ។

៥.៨ ថេរគាថា ធម្មភាសិត ជាគតិដាស់តឿនចិត្តរបស់ព្រះថេរៈចំនួន២៦៤អង្គ(ភ៥៦)។

៥.៩ ថេរីគាថា ធម្មភាសិត ជាគតិដាស់តឿនចិត្តរបស់ព្រះថេរីចំនួន៧៣អង្គ (ភ ៥៧)។

៥.១០ ជាតក ជារឿងនិទានដែលពោលពីការយោនយកកំណើតរបស់ព្រះពោធិសត្វ ចំនួន ៥៤៧ រឿង (ភ ៥៧)។

៥.១១ និទ្ទេស ជាការអធិប្បាយព្រះសូត្រ ៣២ សូត្រ ដែលមាននៅក្នុងសុត្តនិបាត ដោយព្រះសារីបុត្ត ។ និទ្ទេសនេះចែកជា ២ គឺមហានិទ្ទេស ១(ភ ៦៤ ៦៦) ចូឡនិទ្ទេស ១(ភ ៦៧ ៦៨) ដោយនិទ្ទេសមួយៗ មាន ១៦ សូត្រ ។

៥.១២ បដិសម្ភិទា ជាសេចក្ដីអធិប្បាយសព្ទធម្មៈផ្សេងៗចំនួន ៣០ របស់សារីបុត្រ យ៉ាងពិសេស ពិស្ដារ (ភ ៦៩ ៧១) ។

៥.១៣ អបទាន និយាយពីការធ្វើអំពើ ល្អ អាក្រក់ របស់ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និង ព្រះសាវ័ផ្សេងៗ មានចំនួន ៥៥០ រឿង (ភ ៧២ ៧៦) ។

៥.១៤ ពុទ្ធវង្ស និយាយពីរឿងដែលទាក់ទងនឹងព្រះពុទ្ធ ៤៥ ព្រះអង្គ តាំងពីអតីត រហូតដល់បច្ចុប្បន្ន និង រឿងការបែងចែកព្រះសារីរិកធាតុព្រះសមណគោតមជាដើម(ភ ៧៧) ។

៥.១៥ ចរិយាបិដក និយាយពីព្រះពុទ្ធចរិយា គឺការដែលព្រះអង្គបំពេញបារមី ទាំង ១០ កាលពីអតីត មានចំនួន ៣៨ រឿង (ភ ៧៧) ៕

៣.អភិធម្ម

អភិធម្មបិដកជាគម្ពីរទីបីរបស់ព្រះពុទ្ធសានា ដែលនិយាយពីគោលធម៌សុទ្ធៗ មិនទាកទង ដល់បុគ្គល ហេតុការណ៍និង រឿងរ៉ាវផ្សេងៗឡើយ ជាវិជ្ជាសុទ្ធៗ មិនមាននិទាន ឬ ការសប្បាយ លាយឡំទេ ។ អភិធម្មបិដកចែកជា ៧ គម្ពីរ ធំៗ បោះពុម្ពជាសៀវភៅ មានចំនួន ៣៣ ឬ ១០,៥១៤ ទំព័រ ។

១.ធម្មសង្គណី ពោលពីការរួមក្រុមធម៌ គឺការចាត់ឲ្យមានរបៀបនូវធម្មៈទាំងឡាយ ដែលរាយប៉ាយ ច្រើនកន្លែង ឲ្យមកនៅជាក្រុម ពួក មានឈ្មោះក្បាលធម៌ខ្លីៗ ឧបមាបីដូចជា ការនាំគ្រឿងផ្សេងៗ របស់ នាឡិកាមកបញ្ចូលគ្នា ឲ្យទៅជានាឡិកាទាំងគ្រឿងបាន ។ ធម្មសង្គណីបែងចែកជា ៥ ក្រុមធំៗ(ភ ៧៨ ៧៩) ។

១.១ មាតិកា ឈ្មោះមេក្រុម ឬ មេបទ ជាខ្លឹមឬសារៈរបស់ធម្មសង្គណី តែមាន សេចក្ដីសង្ខេបទេ ។ មាតិកានេះមាន ២ គឺ អភិធម្មមាតិកា និង សុត្តន្តមាតិកា មានទាំងអស់ ១៦៤ មាតិកា។

១.២ ចិត្តប្បទកណ្ឌ គឺការអធិប្បាយពីរឿងចិត្ត ថាតើកើតឡើងដូចម្ដេច និង អធិប្បាយពី រឿងធម៌ ដែលកើតឡើងជាមួយនឹងចិត្ត គឺ ចេតសិក ។

១.៣ រូបកណ្ឌ គឺការអធិប្បាយអំពីរូបបានដល់មហាភូតរូបនិងឧបាទាយរូប។

១.៤ និក្ខេបកណ្ឌ ជាការអធិប្បាយមាតិកាដែលមាននៅក្នុងចំណុច ទី ១.១ មិនវែង មិនខ្លីពេក ។

១.៥ អត្ថុទធារកណ្ឌ ការអធិប្បាយមាតិការ ដែលមាននៅក្នុងចំណុចទី ១.១ យ៉ាងសង្ខេប។

២.វិភង្គៈ គម្ពីរនេះនិយាយពីការចែក(វិភង្គ)គឺញែកក្រុមធម៌ផ្សេងៗឃើញពិស្ដារល្អិតល្អន់ ដូចជាខន្ធ ៥ អាយតន ១២ បែងចែកឲ្យល្អិតថាតើមានអ្វីខ្លះ ។ វិភង្គញែកពួកធម៌ ជា ១៨ ក្រុម(១៨វិភង្គ) មាន ខន្ធវិភង្គជាដើម និង មាន ធម្មហទវិភង្គ ជាទីបញ្ចប់ (ភ ៨០ ៨២) ។

៣.ធាតុកថា និយាយពីរឿងធាតុ ពោលគឺនាំយកនូវមាតិការក្នុងធម្មសង្គណី និង បទវិភង្គ ចំនួន ១២៥ យ៉ាង ព្រមទាំងមេបទក្នុងធម្មសង្គណីមកសង្គ្រោះជាមួយធម៌ ៣ យ៉ាង គឺ ខន្ធ អាយតនៈ ធាតុ ថាតើ ចូលគ្នាបាន ឬ មិនបានយ៉ាងណា ។ ធាតុកថាមានទាំងអស់ចំនួន ១៤ មេ គឺតាំពី សង្គហោ អសង្គហោ ដល់ វិប្បយុតេន សង្គហិតំអសង្គហិតំ ជាទីបញ្ចប់ (ភ ៨៣) ។

៤.បុគ្គលប្បញ្ញតិ្ត និយាយពីការបញ្ញត្តិបុគ្គល ដោយពោលដល់គុណធម៌ ខ្ពស់ ទាប របស់បុគ្គល ។ បុគ្គលប្បញ្ញត្តិ មានទាំងអស់ ៦ យ៉ាង គឺតាំពីខន្ធប្បញ្ញត្តិ រហូតដល់ បុគ្គលប្បញ្ញត្តិ (ភ ៨៣) ។

៥.កថាវត្ថុ គឺជាគម្ពីរមួយដែលអដ្ឋកថាពោលថា ព្រះមានព្រះភាគទ្រង់បានសម្ដែង ជាមេបទ តែបន្ដិចបន្តូចទេ ក្រៅពីនោះ ព្រះមោគ្លលីបុត្តិស្សថេរៈបានរៀបរៀងឡើងក្នុងសង្គាយនាទី ៣ ។ គម្ពីនេះ បញ្ចុះដោយពាក្យ សួរ ឆ្លើយ ដើម្បីដោះស្រាយ និង ដេញជើងចំពោះលទ្ធិដ៏ទៃ ក្រៅពីព្រះពុទ្ធសាសនា ឬ ដែលបែកចេញពីព្រះពុទ្ធសាសនា តែពុំមានលក្ខណៈ ត្រឹមត្រូវ ។ កថាវត្ថុ មានពាក្យសួរ ឆ្លើយទាំងអស់ ២១៩ កថា (ភ ៨៤ ៨៦) ។

៦.យមកៈ ជាគម្ពីរដែលពោលអំពីធម៌ដែលជាគូរ មានទាំងអស់ ១០ គូរ គឺ តាំងពី មូលយមកៈ រហូតដល់ឥន្ទ្រិយមកៈ (ភ ៨៧ ៩៣) ។

៧.មហាបដ្ឋានៈ គឺគម្ពីរដែលពោលពីទីតាំង គឺបច្ច័យ ២៤ ដោយសម្ដែងថាអ្វី ជាបច្ច័យ របស់អ្វី ផ្នែកខាងដើម មានចាប់តាំងអំពីហេតុបច្ច័យរហូតដល់អវិគតបច្ច័យ (ភ ៩៤ ១១០) ៕

1 comment:

  1. ខ្ញុំព្រះករុណាខ្ញុំបាទសូមសំដែងសេចក្តីអរគុណជាអនេគ្ឃដែលបានអាននិងចម្លងអត្ថបទពីប្លុករបសលោកផៃផាន់ណា។សូមអរព្រះគុណនិងអរគុណ!!!

    ReplyDelete